ជំងឺទឹកនោមផ្អែមប្រភេទ២ ជាជំងឺរ៉ាំរៃដែលអ្នកជំងឺមានជាតិស្ករខ្ពស់នៅ ក្នុងឈាមរបស់ពួកគាត់។ ឱសថដែលគេផលិត និងអភិវឌ្ឍន៍ដើម្បីព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទ២ នេះត្រូវបានគេរកឃើញតាំងពីទសវត្សរ៍ទី ៥០ ដែលកាលនោះ ត្រូវបានរកឃើញចំនួនពីមុខគឺ Metformin និង Sulfonylureas ។ ក្រោយមកទៀតនៅទសវត្សរ៍ឆ្នាំ ២០០០ ឱសថមួយចំនួនទៀត ត្រូវបានគេរកឃើញ និងអភិវឌ្ឍន៍ដើម្បីព្យាបាល ជំងឺទឹកនោមផ្អែមដូចជា TZDs, Gliptins, Gliflozins និង GLP1-RAs។ នៅចន្លោះទសវត្សរ៍ទី ៥០ និងឆ្នាំ ២០០០ មានថ្នាំទឹកនោមផ្អែមប្រភេទ២ ខ្លះទៀតដែល គេបានរកឃើញដែល គ្រាន់តែថ្នាំប្រភេទនេះមិនពេញនិយម ក្នុងការប្រើប្រាស់ ពីសំណាក់គ្រូពេទ្យឯកទេសគឺ ពពួក Alpha Glucosidase Inhibitors and Glinides

បន្ថែមលើប្រភេទថ្នាំដូចរៀបរាប់ជូនខាងលើ អាំងស៊ុយលីន ដែលជាថ្នាំចាក់ត្រូវបានគេរកឃើញតាំងតែពីទសវត្សរ៍ទី ២០ ផងដែរ។

ដើម្បីផលិតជាថ្នាំពេទ្យ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ ថ្នាំនីមួយៗត្រូវបានឆ្លងកាត់ការសិក្សា និងពិសោធន៍ ជាច្រើនដំណាក់កាលមុននឹងសំរេចដាក់អោយប្រើប្រាស់នៅលើទីផ្សា និងសម្រាប់ប្រើប្រាស់ទៅលើអ្នកជំងឺ។

ថ្នាំជំងឺទឹកនោមផ្អែមត្រូវមានគុណសម្បត្តិមួយ រឺច្រើនក្នុងចំណោមគុណសម្បត្តិខាងក្រោម៖
បញ្ចុះជាតិស្ករបានល្អ ហើយមិនត្រូវបញ្ចុះរហូតដល់ជាតិស្ករចុះជ្រុល ដែលបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកជំងឺ។
បន្ថែមលើប្រសិទ្ធភាពនៃការបញ្ចុះជាតិស្ករឱសថទាំងអស់នោះត្រូវ មានលក្ខណ័ ដែលការពារអ្នកជំងឺកុំអោយ ខូចសរីរាង្គខាងក្នុង។
ឱសថទាំងអស់នោះ គឺមិនត្រូវធ្វើអោយអ្នកជំងឺទឹកនោមផ្អែមឡើងទំងន់។
ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមដែលល្អ គឺមិនធ្វើអោយអ្នកជំងឺមានអាការៈ ធ្វើទុកក្នុងខ្លួននៅពេលដែលប្រើប្រាស់ ហើយអ្នកជំងឺអាចទទួលយកបានក្នុង ការប្រើប្រាស់ប្រចាំថ្ងៃរយៈពេលយូរ។
ឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលមានគុណភាពត្រូវទាក់ទង ទៅនឹងតម្លៃផងដែល មិនត្រូវអោយមានតម្លៃថ្លៃពេកដែលអ្នកជំងឺ មិនមានលទ្ធភាព យកទៅប្រើប្រាស់រយៈពេលយូរបាន។

ដូចនេះឱសថពេទ្យដែលគេយកមកប្រើប្រាស់នៅក្នុងការព្យាបាលជំងឺ ទឹកនោមផ្អែម គឺសុទ្ធតែត្រូវបានឆ្លងកាត់ ការពិសធន៍ មានសុវត្ថភាព និងមាន គុណសម្បត្តិគ្រប់គ្រាន់សម្រាប់អ្នកជំងឺអាចយកមកប្រើប្រាស់បាន។

ហើយមិនមានថ្នាំពេទ្យណាមួយ ដែលធ្វេី អោយអ្នកជំងឺខូចគ្រឿងក្នុងដូច ដែលមានពាក្យចរចាមអារាម ដែលយល់ឃើញថាលេបថ្នាំពេទ្យយូរទៅ ធ្វើអោយអ្នកជំងឺខូចតម្រងនោមនោះឡើយ។

ផ្ទុយទៅវិញការព្យាបាលជំងឺទឹកនោមផ្អែមមិនបានត្រឹមត្រូវ នោះទេ ដែលជាមូលហេតុចំបងដែលធ្វើអោយអ្នកជំងឺ ខូចសរីរាង្គខាងក្នុងដូចជា ខូចតម្រងនោម, បេះដូង។ល។

និយាយអំពីអាហារបំប៉ន ឱសថបុរាណ កាហ្វេសម្រកទំងន់ ជាដើម។ល។ ទាំងអស់នេះដែលកំពុងចរាចរណ៍នៅ លើពិភពលោក មិនមានប្រសិទ្ធិភាព និងគុណសម្បត្តិបែបវេជ្ជសាស្រ្តនោះទេ ហើយដែលការចំណាយជាថវិកា សម្រាប់ការប្រើប្រាស់ផលិតផលទាំងនោះ មិនសមស្របទៅនឹងលទ្ធផល ដែលទទួលបាន ឫរំពឹងទុកនោះឡើយ។

«ជាចុងក្រោយសូមបងប្អូនប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យជំនាញដែល នៅជិតបងប្អូនដើម្បីជ្រើសរើសយក ឱសថពេទ្យណាមួយដែលសមស្រប និងច្បាស់លាស់សម្រាប់បងប្អូននៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។»

CategoryDiabetes

For more information        012 254 772 / 069 504 505